ចិន៖ មួយរយៈចុងក្រោយនេះ ព័ត៌មានដ៏ក្តៅគគុករវាងស្តេចកំប្លែង Stephen Chow និងបវរកញ្ញាហុងកុង ២០២១ Ukei Cheung វ័យ១៧ឆ្នាំកំពុងមានការជជែកវែកញែកក្រោយសកម្មភាពក្នុងពិធីជបលៀងពោរពេញដោយភាពក្អាកក្អាយមួយកាលពីពេលថ្មីៗនេះ។
សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា Stephen បានជួបជាមួយ Ukei កាលពីខែមិថុនា និងជាឱកាសដែលល្អមួយដែល Stephen បានសុំលេខទូរសព្ទរបស់បវរកញ្ញាវ័យក្មេងនោះ និងបានទាក់ទងគ្នាតាមរយៈ WeChat ។
ដោយសារតែសន្ទុះនៃព័ត៌មានគោចាស់ចង់ស៊ីស្មៅខ្ចីមានភាពសុះសាយខ្លាំងពេក ទើបជំនួយការរបស់ Stephen បានចេញមកបកស្រាយថា ទំនាក់ទំនងរវាង Stephen និង Ukei មិនមានភាពស្និទ្ធស្នាលអ្វីនោះទេ ម៉្យាងវិញទៀត ក្នុងកម្មវិធីជប់លៀងនោះ ក៏មិនមែនមានគ្នាតែគាត់ ២នាក់ដែរ គឺមានគ្នាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុន សូម្បីតែ Ukei ហៅ Stephen ទៅជិះស្គីទឹកកម្សាន្ត ក៏លោកមិនបានឆ្លើយតបដែរ ដោយសារអ្នកទាំងពីរ មិនមានទំនាក់ទំនងជិតដិតនឹងគ្នា។ ជំនួយការរបស់ Stephen បានបង្ហាញអារម្មណ៍បែបនេះថា “កម្មវិធីជបលៀងមានគ្នាច្រើន ខ្ញុំពិតជាមិនយល់ថាហេតុអ្វីសារព័ត៌មានចុះផ្សាយបែបនេះ”។
គួរបញ្ជាក់ដែរថា ជីវិតក្នុងការសម្តែង Stephen គឺជាបុគ្គលដែលបានធ្វើឱ្យគេឱ្យសើចឡើងរឹងពោះ ប៉ុន្តែបើក្រលេកមើលពីជីវិតពិតវិញ គឺមានភាពផ្ទុយស្រឡះតែម្តង ដោយជីវតរបស់លោក ពោរពេញដោយភាពស្មុគស្មាញ ជាពិសេសទំនាក់ទំនងស្នេហារយៈពេល ១០ឆ្នាំជាមួយអតីតមិត្តស្រី បានបញ្ចប់ទៅទាំងជាប់រឿងក្តីប្តឹងផ្តល់គ្នាដោយសារបំណុល៕