ថៃ៖ វីរុសកូវីដ១៩ បានផ្ទុះឡើងខ្លាំងកាលពីពាក់កណ្តាលខែមេសាអំឡុងពេលបុណ្យចូលឆ្នាំ ដែលអ្នកទេសចរ បាននាំគ្នាដើរកម្សាន្តកកកុញរហូតបណ្តាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការផ្ទុះឡើងនៃវីរុសកូវីដ១៩ បណ្តាលឱ្យស្ថានភាពធ្ងន់ធ្ងរដល់សព្វថ្ងៃ ត្រូវបានរកឃើញដំបូងលើកម្មករសំណង់ ដែលបានឆ្លងវីរុសប្រភេទដែលតា និងបានរាលដាលចូលក្នុងផ្សារ និងសហគមន៍ជាបន្តបន្ទាប់។
ការឆ្លងរាតត្បាត បានហក់ឡើងខ្លាំងក្នុងខែកក្កដា បណ្តាលឱ្យជនរងគ្រោះជាច្រើន ត្រូវបាត់បង់ជីវិត និងរកឃើញអ្នកវិជ្ជមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដល់ថ្នាក់មន្ទីរពេទ្យលែងមានកន្លែងសម្រាប់អ្នកជំងឺសម្រាកព្យាបាលថែមទៀត។ តួលេខ នៅថ្ងៃសុក្រ ទី២០ ខែសីហា នេះ ក្រសួងសុខាភិបាលថៃបានប្រកាសចំនួននៃការឆ្លងថ្មីមានជិត ២ម៉ឺនករណីហើយ ដែលអ្នកឆ្លងសរុបបានកើនឡើងដល់ ១លានករណីគិតត្រឹមថ្ងៃនេះ៕