ម៉ាឡេស៊ី៖ ព្រះមហាក្សត្រម៉ាឡេស៊ី បានសម្រេចព្រះទ័យតែងតាំងលោក Ismail Sabri Yaakob ជានាយករដ្ឋមន្រ្តីថ្មី ដើម្បីបញ្ចប់វិបត្តិនយោបាយយូរអង្វែងនៅក្នុងប្រទេសម៉ាឡេស៊ី អំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។
លោក Ismail Sabri Yaakob នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហានេះ និងមានការគាំទ្រពីសមាជិកសភា ១១៤ រូប ក្នុងចំណោមសមាជិក ២២០ រូប។
ភាពចលាចលផ្នែកនយោបាយជាច្រើនសប្តាហ៍ បានកើតឡើងនាំឱ្យលោក Muhyiddin Yassin អតីតនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តីទាំងមូលរបស់លោក បានលាលែងពីតំណែង កាលពីថ្ងៃចន្ទ បន្ទាប់ពីកាន់តំណែងបាន ១៧ ខែ ចំពេលដែលមានការមិនពេញចិត្តចំពោះការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩។
ការឡើងកាន់តំណែងរបស់លោក Ismail Sabri Yaakob អាយុ ៦១ឆ្នាំ គឺជាការវិលត្រឡប់របស់គណបក្ស UMNO មកកាន់តំណែងកំពូលរបស់ប្រទេសម៉ាឡេស៊ី។ UMNO បានគ្រប់គ្រងប្រទេសម៉ាឡេស៊ី ចាប់តាំងពីបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៧ មុនពេលចាញ់ឆ្នោតនៅឆ្នាំ២០១៨ ជុំវិញរឿងអាស្រូវ 1MDB ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ៕