សិង្ហបុរី៖ បុរសជនជាតិអង់គ្លេសម្នាក់ ដែលបដិសេធមិនព្រមពាក់ម៉ាស នឹងត្រូវបណ្តេញចេញពីប្រទេសសិង្ហបុរី ដោយសារបំពានច្បាប់ និងគំរាមកំហែងមន្ត្រីប៉ូលិស។ នេះបើយោងតាមសេវាកម្មពន្ធនាគារនៅសិង្ហបុរី។
សមត្ថកិច្ចសិង្ហបុរី បានឱ្យដឹងថា បុរសដែលមានឈ្មោះថា Benjamin Glynn ត្រូវបណ្ដេញចេញពីសិង្ហបុរី ភ្លាមៗ បន្ទាប់ពីគាត់ត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែសីហា ទាក់ទងនឹងការបំពានច្បាប់ដែលតម្រូវឱ្យពាក់ម៉ាស នៅប្រទេសសិង្ហបុរី។
បុរសរូបនេះ ត្រូវបានចោទប្រកាន់ ចំពោះការបដិសេធមិនពាក់ម៉ាស ការរំខានសាធារណៈ និងការគំរាមកំហែងដល់មន្រ្តីប៉ូលីស។ បុគ្គលរូបនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ សប្តាហ៍។
វីដេអូបង្ហាញពីសកម្មភាពរបស់ Glynn បានល្បីកាលពីខែឧសភា នៅពេលដែលគាត់ប្រាប់អ្នកដំណើរផ្សេងទៀតនៅលើរថភ្លើង ថា គាត់មិនពាក់ម៉ាសឡើយ ហើយបានជេរប្រមាថ និងគំរាមកំហែងដល់មន្រ្តីប៉ូលីសដែលព្យាយាមចាប់ខ្លួនផងដែរ៕
(ទស្សនាវីដេអូ)