សៀមរាប៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបង្ហាញថា មន្ទីរព្យាបាលជំងឺកូវីដ១៩កម្រិតធ្ងន់ នៅមន្ទីរពេទ្យខេត្តសៀមរាប ដែលមានចំណុះគ្រែអ្នកជំងឺចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការរៀបចំជិតរួចរាល់ហើយ។
លោករដ្ឋមន្ត្រីបានបន្តថា ឧបករណ៍សម្ភារវេជ្ជសាស្រ្ត ដែលត្រូវបំពាក់តាមគ្រែអ្នកជំងឺនោះ ក៏បានដឹកជញ្ជូនមកដល់មន្ទីរព្យាបាលនោះហើយដែរ។ មន្ទីរព្យាបាលជំងឺកូវីដ១៩កម្រិតធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដាខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជំងឺកូវីដ១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងនូវភាពកក់ក្តីជាទីបំផុត ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយក្រសួងសុខាភិបាល សម្របសម្រួលផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច អតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់ការរៀបចំមន្ទីរព្យាបាលមួយនេះ៕