សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងតិច ២២នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងបាត់ខ្លួនចាប់តាំងពីរសៀលថ្ងៃអាទិត្យ ទី២២ ខែសីហា បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឱ្យមានទឹកជំនន់ នៅរដ្ឋថេណេស៊ី សហរដ្ឋអាមេរិក។
យោងតាមពលរដ្ឋដែលមានសាច់ញាតិបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានទារកដែលជាកូនភ្លោះ ដែលត្រូវបានហូរទៅតាមទឹក នៅពេលដែលឪពុករបស់ពួកគេ បានព្យាយាមឆ្លងកាត់ទឹកដែលកំពុងហូរយ៉ាងខ្លាំង។
មន្រ្តីព័ត៌មានសាធារណៈនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៅតំបន់ បាននិយាយថា ផ្ទះរាប់រយខ្នង បានរងការខូចខាត។ ផ្លូវ និងសេវាទូរសព្ទ ត្រូវបានកាត់ផ្ដាច់។
ទីភ្នាក់ងារឧតុនិយម បាននិយាយថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺមានភ្លៀងធ្លាក់ទ្វេដង ស្ថិតនៅភាគកណ្ដាលរដ្ឋថេណេស៊ី។
ម្ចាស់អាជីវកម្មនៅទីក្រុង Waverly បានប្រាប់សារព័ត៌មាន AP ថា តំបន់ដែលមានប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ឈ្មោះ Brookside ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់។
ម្ចាស់អាជីវកម្មបាននិយាយថា៖ “វាបានបំផ្លិចបំផ្លាញ អគារជាងពាក់កណ្ដាលដែលត្រូវបានរលំបាក់ ។ មនុស្សបានស្រង់សាកសពមនុស្សដែលលង់ទឹក និងមិនអាចជួយសង្គ្រោះបាន”៕