×

រាជរដ្ឋាភិបាល សម្រេច​ឱ្យម្ចាស់​យានយន្ត​ឯកជន​ជ្រកក្រោម​ស្លាកលេខ រដ្ឋ ខ.ម និង ន.ប ចូល​បង់ពន្ធ​នាំចូល-ពន្ធផ្លូវស្រប​តាមច្បាប់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចយល់ព្រមលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឱ្យយានយន្តឯកជនដែលជ្រកក្រោមស្លាកលេខ រដ្ឋ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងមិនមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។

ក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេច ចារយល់ព្រម លើការស្នើទាំងចំនួន ៥ចំណុចរួមមាន៖

១. ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងមិនមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិការផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ មិនមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

២. អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ខ.ម និងន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

៣. អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។

៤. គ្រប់ក្រសួង និងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កួតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម) ជាដើម ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការទទួលស្គាល់រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណី រកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

៥. អនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ដែរថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ ឆ្នាំ២០២០។ តួលេខនេះ បានធ្លាក់ចុះមកត្រឹម ៤៣ភាគរយ ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika