×

នាយករដ្ឋមន្ត្រី​វៀតណាម បញ្ជាឱ្យ​ប្រជាជន​ទីក្រុង​ហូជីមិញ​ទាំងអស់ ត្រូវធ្វើ​តេស្ត​កូវីដ១៩

ហូជីមិញ៖ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឱ្យប្រជាជនទីក្រុងហូជីមិញទាំងអស់ ដែលមានប្រមាណ ៩លាននាក់ ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីបញ្ជូនយោធាទៅចែកស្បៀង និងអនុវត្តការរឹតបន្ដឹងវិធានការរដ្ឋបាល។

ភាពច្របូកច្របល់ បានកើតឡើងនៅក្នុងទីក្រុងហូជីមិញ។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានបង្ហាញពីក្រុមអ្នកស្រុក បានសម្រុកទៅផ្សារ និងហាងដើម្បីទិញទំនិញស្តុកទុក។ ការទិញម្ហូបអាហារ ត្រូវបានរឹតបន្តឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៦ ខែកញ្ញា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម។

មន្រ្តីវៀតណាម ប៉ាន់ស្មានថា ទីក្រុងហូជីមិញ នឹងត្រូវផ្តល់ទំនិញចំនួន ១១.០០០ តោនដល់ប្រជាជនជារៀងរាល់ថ្ងៃ។

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានឱ្យដឹងថា យោធាកំពុងធ្វើការជាមួយអ្នកស្ម័គ្រចិត្ត អតីតយុទ្ធជន និងសហជីពមួយចំនួន ដើម្បីនាំយកស្បៀងអាហារជូនដល់ប្រជាជន។

ប្រជាជនទីក្រុងហូជីមិញ មិនអាចចាកចេញពីផ្ទះបានទេ លើកលែងតែមានមូលហេតុសំខាន់ ដូចជាទៅធ្វើការនៅកន្លែងធ្វើការ ឬស្វែងរកការព្យាបាល។

ក្រៅពីកងទ័ព ប៉ូលីសរាប់ពាន់នាក់ក៏ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងហូជីមិញ និងខេត្តប៊ីងដុង។ វេជ្ជបណ្ឌិតរាប់ពាន់នាក់ និងបុគ្គលិកពេទ្យដទៃទៀត ក៏កំពុងត្រូវបានបញ្ជូនទៅជួយដល់អ្នកជំងឺដែលកំពុងកើនឡើងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង