អត្ថបទ៖ឃឹម វិសាល
ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចាប់ផ្តើមបិទខ្ទប់បណ្តោះអាសន្ននៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញមេរោគបំប្លែងថ្មី Delta ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់ ដើម្បីបញ្ចៀសការរាលដាលឆ្លងជំងឺវីរុសកូវីដ-១៩ បំប្លែងប្រភេទ(Delta) ។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលករណីកូវីដ១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។
អនុគណៈកម្មការ បានសូមឱ្យប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤៦៦នាក់ទៀត ខណៈជាសះស្បើយ ៥១២នាក់ និងស្លាប់ ១៣នាក់៕