×

ទឹកជំនន់​នៅ​ខេត្តព្រះសីហនុ បង្កឱ្យ​បុរស​ម្នាក់​បាត់ខ្លួន និង​បង្គោល​អគ្គិសនី​ជាច្រើន​ដួលរលំ

ព្រះសីហនុ៖ កាលពីម្សិលមិញ ភ្លៀងធ្លាក់ជោកជាំ បានបណ្ដាលឱ្យកើតមានទឹកជំនន់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខណៈសេចក្ដីរាយការណ៍មួយឱ្យដឹងថា មានមនុស្សម្នាក់បានបាត់ខ្លួន និងបង្គោលអគ្គិសនីជាច្រើន បានដួលរលំ បណ្ដាលឱ្យរំខានដល់ការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្ពស់ទឹកភ្លៀងមានកម្រិតរហូត ២៤៩ មម គិតត្រឹមម៉ោង ២០:០០នាទី យប់ ធ្វើឱ្យតំបន់ទំនាបមួយចំនួន(អូរ១ អូរ២ អូរ៣ អូរ៤ និងអូរ៥) ទទួលរងការលិចលង់យ៉ាងខ្លាំង។

តាមព័ត៌មានបឋមឱ្យដឹងថា នៅលើផ្លូវមិត្តភាព (ផ្លូវ លេខ៨០០) អូរ៥ ក្នុងភូមិ៥ សង្កាត់លេខ៤ មានមនុស្ស ប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានកំពុងជិះម៉ូតូកាត់ទឹក ក៏ត្រូវបានទឹកហូរធ្វើអោយដួលម៉ូតូ ។ ទាំងមនុស្សទាំងម៉ូតូ ត្រូវបានទឹក ហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥បាត់ខ្លួន។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ព្រះសីហនុ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ។

កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង ០៥:០០នាទីល្ងាច ដល់ម៉ោង ០៨:០០នាទីយប់មានភ្លៀងក្នុងកម្រិតបង្គួរ ទៅខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ ១២០មម ទៅដល់ ២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨.១មីល្លិម៉ែត្រ បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

បើយោងតាមការព្យាករ នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង