ភ្នំពេញ៖ EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ប្រកាសនៅថ្ងៃទី២៥ ខែសីហានេះថា ក្រុមហ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារធានាឥណទាន (Credit Guarantee and Investment Facility (CGIF) ដែលត្រូវបានបង្កើតឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និងចិន។ ទីភ្នាក់ងារ CGIF នឹងផ្តល់ការធានាឥណទាន ដោយគ្របដណ្តប់លើបរិមាណទឹកប្រាក់ទាំងអស់នៃមូលបត្របំណុល ៨០.០០០.០០០.០០០រៀល (ប៉ែតសិបកោដិរៀល) ស្មើនឹង២០លានដុល្លារអាមេរិក ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom។
ក្រុមហ៊ុនមូលបត្រ SBI Royal Securities គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងភ្នាក់ងារធានាទិញមូលបត្របំណុល ដែលត្រូវបានរំពឹងថា នឹងចេញនៅត្រីមាសទី ៣ ឆ្នាំនេះ។
ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការ ទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុន តែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុនក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញ ខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។
ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់បានពីការបោះផ្សាយមូលបត្របំណុលនេះដើម្បីវិនិយោគ បន្ថែមទៀតលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់ មួយក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។ ចក្ខុវិស័យរបស់ Ezecom គឺដើម្បីក្លាយជាអ្នកផ្តល់សេវាកម្ម ឈានមុខគេ ក្នុងការធ្វើឌីជីថលនៅកម្ពុជា តាមរយៈការច្នៃប្រឌិត ប្រកបដោយនិរន្តរភាព និងការ បង្កើតតម្លៃសហគមន៍។ ដូច្នេះ Ezecom នឹងពង្រឹងកម្លាំងបន្ថែមទៅលើសេវា Cloud ដែលមាន សុវត្ថិភាពខ្ពស់ ដើម្បីក្លាយជាហេដ្ឋារចនាសម្ព័ន្ធ ICT ដែលគួរឱ្យទុកចិត្តបំផុត ក្នុងការធានាថា សហគ្រាស និងសហគមន៍របស់យើង ទទួលបានការប្រើប្រាស់ក៏ដូចជាសេវាលំដាប់ខ្ពស់បំផុត។
លោកស្រី_Yuni_Lee_Heathcote អគ្គនាយិការ ក្រុមហ៊ុន EZECOM បានថ្លែងថា៖ “ក្រុមហ៊ុន EZECOM ផ្តល់តម្លៃដល់ប្រព័ន្ធអេកូឡូស៊ី (eco-systems) ធុរកិច្ចរបស់យើងយ៉ាងខ្លាំង មិនថាចំពោះ អតិថិជន ដៃគូ ឬនិយ័តករនោះទេ។ ស្របតាមបរិបទ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ខណៈដែលយើងរីកចម្រើន យើងចង់ឱ្យអតិថិជននិងដៃគូរបស់យើងទាំងអស់រីកចម្រើនព្រមគ្នាជាមួយយើងដែរ។ ដូច្នេះហើយទើបមូលដ្ឋានគ្រឹះនធុរកិច្ចរបស់យើង គឺបង្កើតឱ្យមានឱកាស សហការអាជីវកម្មរួមគ្នា ជាមួយដៃគូពាក់ព័ន្ធទាំងអស់របស់យើង”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា៖ “ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុនTelcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណេតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្ត្រឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Ezecom ដែល ជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្ដង់ដារដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។ អ្វីដែលសំខាន់ជាងនេះ វាគឺជាប័ណ្ណបំណុលឯកជនដំបូងគេបង្អស់ ដែលប្រើប្រព័ន្ធស្តង់ដារនៃការដាក់មូលបត្រនិងការចុះបញ្ជីផ្សារហ៊ុន។ តាមរយៈការចេញមូលបត្របំណុលរបស់យើង យើងបានបង្កើតផែនទីយុទ្ធសាស្តគំរូ និងការអនុវត្តល្អបំផុតនៃការដាក់វិស័យឯកជនសម្រាប់ទីផ្សារមូលធនកម្ពុជា។ ខ្ញុំបាទទន្ទឹងរង់ចាំមើលអនាគតឌីជីថលដលនឹងកាន់តែរីកចម្រើន ដោយសារមូលបត្របំណុលនេះ”។
មូលបត្របំណុលនេះ បានទទួលការអនុម័តពីនិយតករមូលបត្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ លេខអនុម័តលេខ ១៤១/២១ SERC/SSR និងពីផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១ លេខអនុម័ត ០៧៤/២១ ៕