×

នាវិក​នៃ​កប៉ាល់ ដែល​លួចប្រេងឆៅ​៣០ម៉ឺន​បារ៉ែល​ពី​កម្ពុជា នឹង​ត្រូវផ្តន្ទាទោស

ឥណ្ឌូណេស៊ី៖ កងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ បានអះអាងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិក ទាក់ទងនឹងការលួចប្រេងជិត ៣០ម៉ឺនបារ៉ែលពីប្រទេសកម្ពុជា។

កាប់ពីទែនរបស់កប៉ាល់ សញ្ជាតិបង់ក្លាដេស នឹងត្រូវប្រឈមមុខចំពោះច្បាប់ ដោយអាចជាប់ពន្ធនាគាររហូតដល់១ឆ្នាំ និងពិន័យជាប្រាក់ ១៤.០០០ ដុល្លារ។ នេះបើយោងតាមការបន្ថែមរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី។

កប៉ាល់ដឹកប្រេង ដែលដោតទង់ជាតិប្រទេសប៉ាហាម៉ា មានឈ្មោះថា MT Strovolos ត្រូវបានឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅឆ្នេរនៃកោះស៊ូម៉ាត្រា បន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឱ្យអាជ្ញាធរ Interpol តាមចាប់កប៉ាល់នេះ ពាក់ព័ន្ធនឹងការលួចប្រេងឆៅរបស់កម្ពុជា។

នាវិកលើកប៉ាល់ មានដូចជា ជនជាតិឥណ្ឌាចំនួន ១៣នាក់ បង់ក្លាដេស ៣នាក់ និង មីយ៉ាន់ម៉ា ៣នាក់។

កប៉ាល់ប្រវែង ១៨៣ម៉ែត្រនេះ បានចាកចេញពីប្រទេសថៃ ឆ្ពោះទៅឥណ្ឌូណេស៊ី ប៉ុន្តែវាបានផ្ដាច់អត្តសញ្ញាណរបស់ខ្លួន និងបានឈប់ដោយខុសច្បាប់ នៅតំបន់ប្រជុំកោះនៅឥណ្ឌូណេស៊ី។

យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី ឱ្យដឹងថា កប៉ាល់នេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy ដែលសហការជាមួយកម្ពុជា ដើម្បីបូមប្រេងក្នុងប្លុក A តំបន់អប្សរា សម្រាប់ផ្ទុកប្រេងដែលបូមបាន។ ប៉ុន្តែក្រុមហ៊ុននេះ បានប្រកាសក្ស័យធន កាលពីខែមិថុនា ឆ្នាំ២០២១ ហើយក្រុមហ៊ុនបានជំពាក់ប្រាក់ក្រុមនាវិក៕

ប្រភព៖ AFP

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង