×

ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក​នៅមិនទាន់​អាច​សន្និដ្ឋាន​បាន​ពីប្រភពដើម​របស់​វីរុស​កូវីដ១៩ទេ

ស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិក ត្រូវបានគេរាយការណ៍មកថា បានប្រាប់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ថា ខ្លួននៅមិនទាន់សន្និដ្ឋានបានទាំងស្រុងនៅឡើយទេអំពីប្រភពដេីមនៃវីរុសកូវីដ១៩ បន្ទាប់ពីបានពិនិត្យមើលព័ត៌មាននានា។

វីរុសកូវីដ-១៩ បានឆ្លងដល់មនុស្សជាង ២១៤លាននាក់ និងបានសម្លាប់មនុស្សជាង ៤លាននាក់នៅជុំវិញពិភព លោក ចាប់តាំងពីចុងឆ្នាំ២០១៩មក។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីខែឧសភាកន្លងទៅ បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកធ្វើរបាយកាណ៍ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីកំណត់ថាតើវីរុសកូវីដ១៩ ដែលត្រូវបានរកឃើញដំបូងក្នុងទីក្រុងអូហាន (Wuhan) ប្រទេសចិននោះ គឺកេីតមកពីការឆ្លងពីសត្វទៅមនុស្ស ឬជាការបែកធ្លាយចេញដោយចៃដន្យពីមន្ទីរពិសោធន៍នៅក្នុងទីក្រុងអូហាន។

លោកប្រធានាធិបតីបានបញ្ជាឱ្យស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកពិនិត្យរកប្រភពរបស់វីរុសកូវីដ១៩ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ដោយផ្អែកតាមការស៊ើបអង្កេតរបស់ខ្លួន។

របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការផ្ទុះឡើងនៃវីរុសកូវីដ១៩ ទំនងជាបណ្តាលមកពីការឆ្លងពីសត្វទៅមនុស្ស។ របាយការណ៍នេះបានទទួលការរិះគន់ថា មិនមានលក្ខណៈពេញលេញដោយសារតែរដ្ឋាភិបាលចិនមិនបានសហការក្នុងការស៊ើបអង្កេត។

បណ្តាញព័ត៌មានអាមេរិកបានរាយការណ៍ថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិកបានផ្តល់របាយការណ៍សម្ងាត់ទៅឱ្យ លោក បៃដិន កាលពីថ្ងៃអង្គារ។ ក្រុមមន្ត្រីមួយចំនួនរបស់អាមេរិកបាននិយាយថា ផ្នែកខ្លះនៃរបាយការណ៍នេះ នឹងត្រូវបានបញ្ចេញជាសាធារណៈនៅក្នុងពេលឆាប់ៗខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង