ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហានេះ ប្រទេសកម្ពុជា បានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ដែលបានចុះហត្ថលេខាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ថ្នាលទូរទស្សន៍ឌីជីថលជាតិ ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាល ទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាព សុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា “ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្កោលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “ យើងខ្ញុំមានសេចក្តីសោមនស្ស រីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទនភាពដែលបាន ចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថល ពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។”
ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា “ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែកកម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះ ជាថ្នាលប្រមូលផ្ដុំនៃកម្ម វិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្ដល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services”។ នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ស្របតាមគោល នយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខ ទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិត ឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទី កន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាពមានគុណ ភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក “។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈ កម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល២៥ឆ្នាំមកហើយ រហូតមកដល់ពេល នេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍ ឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។
ពិធីចុះហត្ថលេខាខាងលើនេះ គឺជាកិច្ចព្រមព្រៀងបន្ថែមទៀតលើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងភាគីទាំង៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាង រដ្ឋនិងឯកជនសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅ សម្រេចឲ្យបានតាមផែនការរបស់អាស៊ាន និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុន នឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ៕