ភ្នំពេញ៖ ផលិតករ និងជាតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយរហូតមានសិល្បករជាច្រើនរូបគោរព ស្រលាញ់លោកជាខ្លាំង។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មិនដឹងជាសិល្បករជំនាន់ថ្មីណាមួយដែលបានធ្វើឱ្យលោកអាក់អន់ស្រពន់ចិត្តរហូតចែករំលែកពាក្យក្នុងចិត្តលើបណ្តាញសង្គមបែបនេះថា៖
“តារាថ្មីខ្លះឃើញឯងយកទ្បានកូនស្រីជិះទៅថតកុន មើលលើមើលក្រោមបែបចង់មើលងាយខណៈខ្លួនឯងជិះទ្បានទំនើបបង់រំលោះ ផ្ទះបុរីក៏បង់រំលោះសោះហ្នឹង… សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្សសំបកក្រៅ និងសម្បូរមនុស្សរស់នៅក្នុងជីវិត High show Fake ! ខ្ញុំសូមបញ្ជាក់ថានៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមានជំពាក់បំណុលនរណាសូម្បីតែមួយសេនដុល្លាទ្បើយ មានតែគេជំពាក់ខ្ញុំមិនសង”។
លោកបានបន្ថែមទៀតថា “High Show Fake មិនមែនជាចរិតធម្មជាតិរបស់ខ្ញុំទេ ខ្ញុំចូលចិត្តរស់នៅជាមួយជីវិតសាមញ្ញៗ ប៉ុន្តែមិនមែនក្លែងក្លាយ”។ ពាក្យពេចន៍ទាំងប៉ុន្មាននេះបានធ្វើឱ្យសិល្បករ និងអ្នកគាំទ្រលោកជាច្រើនចូលរួមផ្តល់មតិយល់ស្រពនូវអ្វីដែលលោកបាននិយាយ ថែមទាំងចាត់ទុកលោកជាតារាគំរូបមួយរូបផងដែរ៕