×
ព័ត៌មានថ្មី

​​ក្រសួងពាណិជ្ជកម្ម និង​ធនាគារវីង​បានចុះហត្ថលេខា​ជាផ្លូវការ​លើអនុស្សរណៈ​នៃ​ការយោគយល់គ្នា​ដើម្បី​តភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង​សម្រាប់​ទូទាត់​ប្រតិបត្តិការ​លើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់​ក្រសួងពាណិជ្ជកម្ម

អតិថិជនរបស់ផ្សារខេមបូឌាត្រេដ អាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់របស់វីងជាផ្លូវការបានហើយ។
ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនជាពិសេសជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផលដែលផលិតនៅកម្ពុជាទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិនថាលោកអ្នកនៅទីណាក៏ដោយ លោកអ្នកអាចប្រើប្រាស់ផលិតផលខ្មែរបានដែរ។”
ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

ពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយប្រើការទូទាត់ប្រាក់តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងមានការពេញនិយមនៅជុំវិញពិភពលោកដោយសារភាពងាយស្រួល និង មានសុវត្ថិភាព។”
ធនាគារវីង ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ ២០២០ ធនាគារវីង បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ ដោយផ្តល់សេវាកម្មប្រមូល និង ទូទាត់ប្រាក់។

បន្ថែមពីនេះផងដែរ ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និង មធ្យម របស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាព ផ្សេងៗជាច្រើន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕

        

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង