អាមេរិក៖ ដោយសារតែចង់ក្លាយជាឪពុកម្នាក់ខ្លាំងពេក បុរសស្រលាញ់ភេទដូចគ្នាសញ្ជាតិអាមេរិកម្នាក់បានព្យាយាមស្វែងរកក្មេងកំព្រាមកចិញ្ចឹម រហូតមានថ្ងៃមួយលោកបានប្រទះឃើញទស្សនាវដ្តីមួយដែលបានរៀបរាប់ពីជីវិតកុមារកំព្រានៅកម្ពុជា ទើបលោកបានទាក់ទងមកអង្គការក្មេងកំព្រាភ្លាមមិនបង្អង់យូរ។
លោក Jerry Windle បានឱ្យដឹងថា ក្នុងឆ្នាំ២០០០ លោកបានប្រញាប់ប្រញាល់ធ្វើដំណើរមកភ្នំពេញជាកន្លែងដែលកូនប្រុសចិញ្ចឹមរបស់លោកឈ្មោះJordan រស់នៅក្នុងអង្គការមួយដែលបានទទួលចិញ្ចឹម ក្រោយឪពុកម្តាយស្លាប់ចោល។
ក្មេងប្រុសរូបនេះត្រូវបាន Jerry ជួយសង្គ្រោះឱ្យរួចផុតពីជំងឺជាច្រើនដោយសារកង្វះអាហាររូបត្ថម្ភ ជំងឺរលាកស្បែក និងការឆ្លងរោគធ្ងន់ធ្ងរដោយយក Jordan ទៅរដ្ឋ Florida ដើម្បីព្យាបាលជំងឺ។ ចាប់តាំងពីថ្ងៃនោះមក ជីវិតរបស់ Jerry បានកែប្រែទាំងស្រុង និងបានក្លាយជាឪពុកម្នាក់ដូចបំណងប្រាថ្នា។
យោងតាមគេហទំព័រ Brightside បានឱ្យដឹងថា Jordan មានក្តីសុបិនចង់ក្លាយជាកីឡាករអូឡាំពិកតាំងពីអាយុ ៧ឆ្នាំម្ល៉េះ ក្រោយមកទើបក្មេងប្រុសរូបនេះចូលរួមក្នុងកម្មវិធីមុជទឹកដែលនេះជាភាពជោគជ័យដំបូងបំផុតរបស់ Jordan។
អ្វីដែលពិសេសនោះគឺ Jordan បានចូលរួមប្រកួតកីឡាអូឡាំពិកនៅសហរដ្ឋអាមេរិកដែលបានតំណាងឱ្យប្រទេសកម្ពុជាទៀតផង មិនត្រឹមតែលើកទង់ជាតិកម្ពុជានៅកន្លែងប្រកួតប៉ុណ្ណោះទេ Jordan ថែមទាំងសាក់រូបទង់ជាតិកម្ពុជានៅលើដៃទៀតផងដើម្បីឱ្យគ្រប់គ្នាបានឃើញរាល់ពេលដែលខ្លួនជ្រមុជទឹកក្នុងការប្រកួត៕