×

សម្ដេចតេជោ ផ្ដល់​អនុសាសន៍​ឱ្យមានការបើកសាលារៀន​ឡើងវិញ តាម​តំបន់​ដែល​គ្មាន​កូវីដ១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចពិភាក្សាជាមួយអភិបាលខេត្តនានា ទាក់ទងនឹងការបើកសាលារៀនឡើងវិញសម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា យ៉ាងហោចបំផុត បើកសាលារៀននៅតំបន់ដែលពុំមានជំងឺកូវីដ១៩ ជាពិសេសនៅជនបទ ដើម្បីជៀសវាងកុមារនៅជនបទ ក្លាយទៅជាជនរងគ្រោះពីជំងឺកូវីដ ក្នុងពេលដែលជនបទពុំមានជំងឺកូវីដ១៩ ដូចនៅតាមទីក្រុង និងទីប្រជុំជននោះទេ។

ដោយសង្កេតឃើញថា សាលានៅជនបទ ពុំមានការឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងពុំចាំបាច់រង់ចាំថា ទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬក៏ស្រុកមួយត្រូវតែបើកនោះទេ។ យើងគួរជ្រើសរើសនៅតាមភូមិតាមឃុំដែលពុំមានការកើតជំងឺឆ្លងនេះ នូវការបើកសាលារៀនឡើងវិញ ដើម្បីឱ្យកុមារា កុមារីរបស់យើង បានចូលសិក្សា ដោយរក្សានូវគម្លាតសុវត្ថិភាព វិធានការសុខាភិបាលចាំបាច់នានា។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា បើយើងបន្តបិទសាលារៀនតទៅទៀត ដោយមិនបានញែកឱ្យច្បាស់រវាងតំបន់ដែលមានឆ្លងកូវីដ និងមិនមានឆ្លងកូវីដ វានឹងអាចនាំឱ្យសិស្ស បោះបង់ចោលសាលារៀន និងភ្លេចអក្សរ។ សម្រាប់ការរៀនតាមអនឡាញ កុមារក្រីក្រ ពុំមានលទ្ធភាព និងពុំមានអ៊ីនធឺណិត នៅតាមសាលារៀននោះទេ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កុមារ និងយុវជន អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបាន ៧៧,០២% ក្នុងចំណោមជាង ២លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង