×

ក្រសួង​ធនធានទឹក ប្រាប់ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​អាកាសធាតុ ខណៈ​ភ្លៀង​អាច​ធ្លាក់​ក្នុង​កម្រិតច្រើន​ក្នុង​សប្ដាហ៍នេះ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា នឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប។ ទន្ទឹមនឹងនេះ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា នឹងមានឥទ្ធិពលបន្ថែមគឺ ខ្យល់សមុទ្រ (Breeze) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ºC អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះអាចនៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង។

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ºC និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្ដាកោះ រំលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម។

សូមបញ្ជាក់ថា ក្នុងស្ថានភាពធាតុអាកាសដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រាប់ឱ្យសាធារណៈជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង