×

ព្យុះសង្ឃរាអ៊ីដា សម្លា ប់​មនុស្ស និង​ទឹកជំនន់ បង្កឱ្យ​ផ្ទះ១លានខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់ នៅអាមេរិក

អាមេរិក៖ ខណៈល្បឿនរបស់ព្យុះសង្ឃរា អុីដា (Ida) បានថយចុះ អាជ្ញាធរអាមេរិក នៅតែបន្តព្រមានពីព្យុះសង្ឃរា និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងត្បូងសហរដ្ឋអាមេរិក។

មកដល់រសៀលថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព្យុះសង្ឃរា អ៊ីដា ស្ថិតនៅក្នុងរដ្ឋថេនណេស៊ី ធ្វើឱ្យតំបន់នោះមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានការព្រមានអំពីទឹកជំនន់។

មន្រ្តីក្នុងតំបន់ បានជំរុញឱ្យប្រជាជនដែលត្រូវបានជម្លៀសចេញ ពន្យារពេលវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសារតែផ្ទះ និងផ្ទះអាជីវកម្ម ជាងមួយលានខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងទីក្រុង New Orleans ផងដែរ។

អភិបាលរងនៃរដ្ឋ Louisiana បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះអ៊ីដា ទំនងជានឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

មនុស្សពីរនាក់ បានស្លាប់ក្នុងអំឡុងពេលកំណាត់ផ្លូវហាយវ៉េមួយ បានរលំបាក់។ យ៉ាងហោចណាស់ មនុស្សពីរនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់។

នៅរដ្ឋ Louisiana បុរសម្នាក់ បានស្លាប់ ខណៈពេលព្យាយាមបើកឡានឆ្លងកាត់តំបន់លិចទឹកនៃទីក្រុង New Orleans ។ បុរសម្នាក់ទៀត បានស្លាប់បន្ទាប់ពីត្រូវដើមឈើរលំសង្កត់។

ព្យុះសង្ឃរានេះ ត្រូវបានគេរំពឹងថា នឹងរំកិលទៅភាគឦសាន សហរដ្ឋអាមេរិក ដោយនាំមកនូវភ្លៀងនិងការគំរាមកំហែងពីទឹកជំនន់ ដែលលាតសន្ធឹងពីរដ្ឋថេណេសស៊ី រហូតដល់ អាត្លង់ទិកកណ្ដាល។ ក្រុងវ៉ាស៊ីនតោន ក្រុងឌីស៊ី ក្រុងបាល់ទីម័រ និងក្រុងហ្វីឡាដែលហ្វៀ ស្ថិតនៅក្នុងចំណោមទីក្រុងដែលស្ថិតនៅក្រោមការឃ្លាំមើលជំនន់ទឹកភ្លៀង៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង