×

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មថ្មីទៅលើរបយោធាមីយ៉ាន់ម៉ា

វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិក, អង់គ្លេស និងកាណាដាបានដាក់ទណ្ឌកម្មថ្មីទៅលើរបបយោធាមីយ៉ាន់ម៉ាដោយបង្កើនសម្ពាធបន្ថែមទៀតទៅលើយោធាក្រោយមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។

សហរដ្ឋអាមេរិកបានកំណត់គោលដៅទៅលើក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និងមន្ត្រីចំនួន១៣នាក់រួមទាំងទេសាភិបាលធនាគារជាតិ និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតដែលតែងតាំងដោយយោធាដោយបង្កករាល់ទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិកនិងហាមមិនឲ្យពលរដ្ឋអាមេរិកធ្វើអាជីវកម្មជាមួយពួកគេ។

ប្រទេសកាណាដាបាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មបន្ថែមទៅលើបុគ្គលនិងអង្គភាពដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ខណៈដែលអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មទៅលើសហគ្រាសត្បូងដែលគ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ា។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មក ហើយពលរដ្ឋបានចេញធ្វើបាតុកម្មស្ទើររៀងរាល់ថ្ងៃនិងមានការបង្ក្រាបពីសំណាក់យោធាដោយបណ្តាលឲ្យមនុស្សរាប់រាយនាក់បានបាត់បង់ជីវិត។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនគែន (Antony Blinken) បាននិយាយថា របបយោធាមីយ៉ាន់ម៉ាមិនបានព្យាយាមស្តារមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យឡើយ និងបានអំពាវនាវឲ្យប្រទេសទាំងអស់ពិចារណាលើវិធានការដូចជាការដាក់ទណ្ឌកម្មផ្នែកសព្វាវុធ និងបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអង្គភាពដែលគ្រប់គ្រងដោយយោធា។

លោកក៏បានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាចូលរួមសហការជាបន្ទាន់ជាមួយអង្គការសហប្រជាជាតិនិងប្រទេសសមាជិកអាស៊ានដើម្បីអនុវត្តផែនការ៥ចំណុចដែលបានព្រមព្រៀងគ្នាកាលពីខែមុនដែលរួមមានការបញ្ចប់អំពើហិង្សានិងចាប់ផ្តើមកិច្ចសន្ទនារវាងយោធានិងក្រុមប្រឆាំងរបបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង