លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជំងឺកូវីដ១៩បានថយចុះ យ៉ាងខ្លាំង ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឱ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍ ទាំងវិស័យអប់រំ ពោលគឺការបើកសាលារៀន ស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ ខែកញ្ញា នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta។
លោកអភិបាលបន្តថា ពីមុនមានអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់ បានថយចុះពី ៣០នាក់ មកនៅត្រឹម ៦នាក់ ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ផងដែរថា រាជធានីភ្នំពេញ បានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើការឆ្លងជម្ងឺកូវីដ១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស ១.៨៩៨នាក់ ដែលត្រូវយកសំណាក រកឃើញ វិជ្ជមានកូវីដ១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦ ភាគរយ ក្នុងនោះមានប្រភេទ Delta ចំនួន១១នាក់ស្មើនឹង ១,៤៨ភាគរយ៕