ភ្នំពេញ៖ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួន ផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងចេញផ្សាយ សេចក្តីជូនព័ត៌មាន នូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលនេះ។
ក្រសួង ស្នើឱ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ជម្រាបជូនដល់ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ធ្វើការទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរសព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦ ដើម្បីទទួលបាននូវការណែនាំអំពីរបៀបនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ៕