ភ្នំពេញ៖ ដល់សាច់រឿងកាន់តែជក់ចិត្ត រវាងកំលោះសង្ហាទាំងពីរដួង រៀម និង ពេជ្រ ពេលនេះកំពុងតែមានបុរសចិត្តកាចសាហាវ នាមជាគ្រូពេទ្យ មកតាមឈ្នានីសចង់ឈ្នះចង់ផ្ចាញ់ តាមធ្វើបាបអ្នកទាំងពីរ ឥតឈប់ឈរ បង្កើតជាភ្នក់ភ្លើងយ៉ាងក្តៅគគុក ក្នុងភ្នក់ភ្លើងស្នេហ៍ ចំពោះទេពធីតាស្រស់សោភាដែលជាកូនស្តេចត្រាញ់។
ដោយឃើញការអាណិតអាសូររបស់ អ្នកនាង អប្សរ មកលើ រៀម បានធ្វើឱ្យគូសត្រូវស្នេហា លោក សក្កដា ចាប់ផ្តើមរកវិធីអាក្រក់ជាច្រើនឱ្យតែបានសម្លាប់ រៀម និងធ្វើបាបមនុស្សស្លូតបូតជាច្រើនដែលពេញចិត្តជាមួយ រៀម ឱ្យចេញឆ្ងាយពីម្ចាស់ស្នេហ៍របស់ខ្លួន។
ក្នុងចិត្តក្តុកក្តួល ដកចិត្តមិនបាន រៀម ក៏ចាប់ចិត្តមេត្រី លួចស្រឡាញ់ អ្នកនាងអប្សរ តើនៅក្នុងពេលនេះ អ្នកនាង អប្សរមានដឹងដែរឬទេ? នៅយប់នេះ រៀម កំពុងតែជួបទុក្ខលំបាកហើយ បន្ទាប់ពីមានការចាប់ខ្លួន យកមកឃុំឃាំងធ្វើបាប ពីសំណាក់កូនចៅ របស់គ្រូពេទ្យចិត្តឃោរឃៅ លោក សក្កដា ទាំងមិនដឹងពីមូលហេតុអ្វី ទើបបានជាយករឿងអ្វីផ្សេង មកទម្លាក់កំហុសលើ រៀម បែបនេះ តើរឿងបន្តទៀត នឹងទៅជាយ៉ាងណា?
សូមទស្សនាភាពយន្តភាគបុរាណខ្មែរ រឿង “នគរមាស” ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ ម៉ោង ៨យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា