បរទេស៖ នៅពេលដែលអង្គុយរៀនរយៈពេលយូរក្នុងថ្នាក់រៀនយូរម៉ោងពេក សិស្សមួយចំនួនអាចនឹងមានអារម្មណ៍រៀងធុញថប់បន្តិច ប៉ុន្តែដោយសារនេះជាទំនួលខុសត្រូវដែលសិស្សគ្រប់គ្នាត្រូវធ្វើគឺត្រូវអង្គុយស្តាប់គ្រូពន្យល់មេរៀនរហូតដល់ចប់ម៉ោង។
ទន្ទឹមនឹងពេលវេលាកំពុងសិក្សាក្នុងថ្នាក់នៅតែបន្ត សិស្សមួយចំនួនក៏បានរកអ្វីប្លែកៗធ្វើដើម្បីរំសាយអារម្មណ៍តឹងតែង ដែលជាក់ស្តែងតាមរូបភាពចាស់ៗនៃសិស្សមួយចំនួននៅតាមបណ្តាប្រទេសខ្លះបានយកសម្ភារសិក្សា ឬទូរសព្ទ និងបំពង់ក្រែមលាបមាត់ជាដើមទៅដាក់ទន្ទឹមជាមួយគ្រូរបស់ពួកគេពីចម្ងាយដើម្បីបង្ហាញពីភាពដូចគ្នានៃសម្លៀកបំពាក់របស់អ្នកគ្រូជាមួយនឹងសម្ភារដែលពួកគេកំពុងកាន់ក្នុងដៃថាដូចគ្នាដល់កម្រិតណា។
ពួកគេបានថត និងចែករំលែកលើបណ្តាញសង្គមរហូតរូបភាពទាំងនោះត្រូវបានចែករំលែកតៗគ្នាដោយសារហួសចិត្ត ក៏ដូចជាអស់សំណើចចំពោះទង្វើរបស់សិស្សទាំងនោះថាមានគំនិតច្នៃប្រឌិត។ ទោះជាយ៉ាងណា សកម្មភាពទាំងនេះត្រូវបានពួកគេធ្វើនៅពេលអ្នកគ្រូកំពុងសរសេរមេរៀនលើក្តាខៀន មិនបានដឹងខ្លួនឡើយ។ ដើម្បីជ្រាបកាន់តែច្បាស់ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕