វ៉ាស៊ីនតោន៖ ទីក្រុងញូវយ៉ក (New York) ក្នុងសហរដ្ឋអាមេរិកត្រូវបានប្រកាសដាក់ក្នុងគ្រាអាសន្នកាលពីថ្ងៃពុធបន្ទាប់ពីរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននិងជំនន់ទឹកភ្លៀងដែលបណ្តាលមកពីព្យុះត្រូពិក អ៊ីដា (Ida) ។
អភិបាលក្រុងញូវយ៉ក (New York) លោក ប៊ីល ដឺ ប្លាស៊ីអូ (Bill de Blasio) បាននិយាយថា ទីក្រុងនេះកំពុងជួបប្រទះ «បញ្ហាអាកាសធាតុដ៏អាក្រក់ជាប្រវត្តិសាស្ត្រ» ដោយមានទឹកជំនន់ធ្ងន់ធ្ងរ និងស្ថានភាពដ៏គ្រោះថ្នាក់នៅតាមដងផ្លូវ។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឲ្យឃើញទឹកហូរចូលទៅក្នុងស្ថានីយរថភ្លើងក្រោមដីនិងផ្ទះរបស់ពលរដ្ឋ។
ជាមួយគ្នានោះ រដ្ឋ ញូចឺស៊ី (New Jersey) ក៏បានប្រកាសអាសន្នផងដែរ និងរាយការណ៍ថាមានមនុស្សយ៉ាងហោចម្នាក់បានស្លាប់ដោយសារលង់ទឹក។
សេវាអាកាសធាតុជាតិអាមេរិកបាននិយាយថា ទឹកភ្លៀងនៅឧទ្យាន សេនត្រលផាក (Central Park) ក្នុងទីក្រុងញូវយ៉ក (New York) មានកម្ពស់៨សង់ទីម៉ែត្រក្នុងរយៈពេល១ម៉ោង។
ផ្លូវក្រោមដីក្នុងទីក្រុងញូវយ៉ក (New York) ភាគច្រើនត្រូវបានបិទ ហើយសេវារថភ្លើងនិងជើងហោះហើរជាច្រើនចេញពីទីក្រុងនេះ និងរដ្ឋ ញូចឺស៊ី (New Jersey) ក៏ត្រូវបានផ្អាកផងដែរ។
ផ្ទះរាប់ម៉ឺនខ្នងនៅក្នុងរដ្ឋល្វីស៊ីអាណា (Louisiana) ក៏នៅមិនទាន់មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃពុធក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីព្យុះ អ៊ីដា (Ida) បានវាយប្រហារទូទាំងរដ្ឋនោះ៕
សូមបញ្ជាក់ថា ព្យុះ អ៊ីដា (Ida) ដែលជាព្យុះកំបុតត្បូងកម្រិតទី៤នោះបានធ្វើដំណើរទៅដល់រដ្ឋល្វីស៊ីអាណា (Louisiana) កាលពីថ្ងៃអាទិត្យដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការខូចខាតនៅក្នុងតំបន់ជាច្រើន៕