ថៃ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១៤.៦៥៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងរយៈពេល ២៤ម៉ោង យោងតាមការការចេញផ្សាយ របស់ព័ត៌មានថៃ Bangkok Post។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីនៃអ្នកជំងឺកូវី១៩រហូតដល់ទៅ ១៤.៣៩៧ករណីនេះ ត្រូវបានគេរកឃើញនៅលើប្រជាជនថៃទូទៅ និងចំនួន ២៥៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសនៅតាមពន្ធនាគារ។
ប្រទេសថៃ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៧១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ដោយសារជំងឺកូវីដ១៩នេះផងដែរ គិតត្រឹម ២៤ម៉ោងចុងក្រោយនេះ។ ចំពោះអ្នកជំងឺចំនួន ១៨.២៦២នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន ១.២៤៩.១៤០ករណី ក្នុងនោះមានអ្នកស្លាប់ ១២.៣៧៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១.០៧៦.៩៦៦នាក់៕
ប្រភព៖ Bangkok Post