ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២,៥លានដូស ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានទិញចំនួន ២លានដូស និង ៥០ម៉ឺនដូសទៀត ជាជំនួយរបស់ក្រុមហ៊ុនស៊ីណូរ៉ាក់ និងមានការសម្របសម្រួល របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបជូនថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ជិត២លាននាក់ នេះបើយោងតាមរបាយការណ៍ អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស៕