×

អ្នកស្លា ប់​ដោយសារ​ព្យុះអ៊ីដា​កើនឡើង ខណៈ​មនុស្ស​ជិត ៦សែននាក់ មិនមាន​អគ្គិសនី​ប្រើប្រាស់​នៅ​អាមេរិក

សហរដ្ឋអាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ អ៊ីដា (Ida) បានបន្តកើនឡើង កាលពីថ្ងៃអាទិត្យ ដោយមនុស្សជាច្រើន នៅភាគឦសានសហរដ្ឋអាមេរិក អស់សង្ឃឹមចំពោះមនុស្សដែលបាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ ខណៈមនុស្សជិត ៦០០.០០០ នាក់នៅរដ្ឋ Louisiana នៅតែខ្វះថាមពលអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះបានបោកបក់មកជាង១សប្ដាហ៍។

ព្យុះអ៊ីដា បានបោកបក់ចូលរដ្ឋ Louisiana នៅថ្ងៃទី២៩ ខែសីហា ជាព្យុះសង្ឃរាប្រភេទទី៤ ដ៏ខ្លាំងក្លា ដែលមានខ្យល់បក់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំនួនអ្នកស្លាប់ចុងក្រោយ នៅទីនោះ បានកើនឡើងដល់យ៉ាងតិច ១៣នាក់កាលពីថ្ងៃអាទិត្យ។

ព្យុះនេះ បានចុះខ្សោយ ខណៈដែលវា បានធ្វើដំណើរទៅភាគខាងជើង ប៉ុន្តែនៅតែបណ្តាលឱ្យមានទឹកជំនន់ជន់លិចនៅឆ្នេរសមុទ្រខាងកើត ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥០ នាក់។ នេះបើយោងតាមតួលេខដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញា។

ទឹកភ្លៀង ត្រូវបានកត់ត្រាកម្រិត ៧,៨ សង់ទីមែត្រ ក្នុងមួយម៉ោង ដែលជាកំណត់ត្រាថ្មី កាលពីថ្ងៃពុធសប្ដាហ៍មុន។

ទីក្រុងញូវយ៉ក បានរងការជន់លិចប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងផ្ទះសម្បែងចំនួន ១២០០ ខ្នងដែលបង្កការខូចខាតជាង ៥០ លានដុល្លារ៕

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង