ចិន៖ រឿងអាស្រូវរបស់ Zheng Shuang បានធ្វើឱ្យនាងធ្លាក់ខ្លួនឡើងដុនដាប ហៅលែងឮ ដោយរូបនាងត្រូវបានហាមមិនឱ្យមានក្នុងពិភពលោកសិល្បៈទៀតឡើយ។ នាងធ្លាប់បានសុំអង្វរឱ្យគ្រប់គ្នាផ្តល់ឱកាសឱ្យនាងបកស្រាយហេតុផល ហើយនាង ក៏បានធ្វើការសុំទោសជាសាធារណៈផងដែរ ចំពោះទង្វើទាំងប៉ុន្មានកន្លងមក។
ទាក់ទងនឹងបញ្ហាត្រូវសងថ្លៃគេចពន្ធវិញ អតីតតារាស្រីរូបនេះ បានស្វះស្វែងលក់អចលនទ្រព្យអស់ជាច្រើនដើម្បីយកប្រាក់មកសងថ្លៃពិន័យចំនួន ៤៦លានដុល្លារត្រឹមរយៈពេលដ៏ខ្លី។ រីឯសិទ្ធិលើកូនទាំងពីរ នាងអាចត្រឹមទៅសួរសុខទុក្ខរយៈពេល ៣ថ្ងៃក្នុងមួយសប្តាហ៍ និង ១ម៉ោងកន្លះក្នុងមួយដង។
យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថា Zheng Shuang ព្រមទទួលកំហុសគ្រប់បែបយ៉ាង និងទទូចសុំឱ្យគ្រប់គ្នាទុកផ្លូវរស់ឱ្យនាងបានម្តង។ នាងបានបន្ថែមថា៖ “បើទោះជាខ្ញុំធ្លាប់មានអតីតកាលមិនល្អបន្តិចមែន ប៉ុន្តែខ្ញុំមិនមែនជាបិសាចឡើយ សុំចិត្តគ្រប់គ្នាផ្តល់ឱកាសទុកផ្លូវឱ្យខ្ញុំបានរស់ និងបានធ្វើការអធិប្បាយគ្រប់យ៉ាងផង ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង និងយល់ព្រមសងវិញទាំងអស់”។
គួរបញ្ជាក់ដែរថា ក្រោយពីផ្ទុះរឿងអាស្រូវបញ្ហាគេចពន្ធ និងព្យាយាមរំលូតកូននៅអាមេរិកមក Zheng Shuang ត្រូវបានអ្នកគ្រប់គ្រងភ្នាក់ងារក្នុងសិល្បៈហាមផ្តាច់ត្រូវលុបឈ្មោះនាងចេញពីសិល្បៈមិនឱ្យជាប់ពាក់ព័ន្ធទៀតឡើយ៕