×

ថៃ គ្រោងភ្ជាប់​ការធ្វើដំណើរ​ជាមួយ​ប្រទេសជិតខាង​នៅខែមករា​ខាងមុខ ដើម្បី​បើកប្រទេស​ឡើងវិញ​ទាំងស្រុង

ថៃ៖ ក្រសួងទេសចរណ៍និងកីឡាថៃ បានប្តេជ្ញាបើកប្រទេសឡើងវិញទាំងស្រុងដោយមិនមានការធ្វើចត្តាឡីស័កនៅត្រឹមខែមករា ឆ្នាំក្រោយ ប៉ុន្តែការធ្វើបែបនេះគឺអាស្រ័យទៅលើកម្រិតនៃភាពស៊ាំក្នុងសហគមន៍ទូទាំងប្រទេស។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា ភីផាត់ រ៉ាត់ចាគិតប្រាកាន (Phiphat Ratchakitprakarn) បាននិយាយថា ទីក្រុងបាងកក គ្រោងនឹងបើកឡើងវិញនៅក្នុងខែតុលា ដែលជាផ្នែកនៃការបើកប្រទេសឡើងវិញក្នុងដំណាក់កាលទី២ ប៉ុន្តែវាត្រូវបានពន្យារពេលដល់ខែវិច្ឆិកា ដោយសារពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី២រហូតដល់ចុងខែតុលា។

លោក ភីផាត់ (Phiphat) បាននិយាយថា៖ “យើងត្រូវស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បែងចែកវ៉ាក់សាំងទៅតាមតំបន់ឱ្យបានគ្រប់ចំនួននិងទាន់ពេលវេលា។”

លោកបានបន្ថែមថា ប្រសិនបើការចាក់វ៉ាក់សាំងមិនឈានដល់កម្រិតដែលបានកំណត់នៅតាមតំបន់មួយចំនួនទេ អាជ្ញាធរ អាចនឹងជ្រើសរើសស្រុកដើម្បីបិទខ្ទប់ ឬធ្វើការបិទផ្លូវក្នុងដំណាក់កាលដំបូង។

លោកបាននិយាយទៀតថា៖ “មានតែតំបន់ដែលមានសុវត្ថិភាពប៉ុណ្ណោះទើបអាចបើកទទួលភ្ញៀវទេសចរក្នុងស្រុកឡើងវិញបាននៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈភ្ញៀវទេសចរអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងអាចចូលទឹកដីថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីខែមករា ក្រោយការភ្ជាប់ការធ្វើដំណើរឡើងវិញជាមួយប្រទេសជិតខាង នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា។”

ប៉ុន្តែលក្ខខណ្ឌសំខាន់គឺប្រទេសថៃត្រូវតែសម្រេចឱ្យបាននូវភាពស៊ាំសហគមន៍ដូចដែលបានកំណត់ដោយរដ្ឋាភិបាលក្នុងឆ្នាំនេះ។

ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ថៃបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៣.៩៨៨នាក់ និងមានអ្នកស្លាប់ចំនួន១៨៧នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង