កណ្ដាល៖ កាលពីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀងមួយមេ បានធ្វើឱ្យជនលិចកំណាត់ផ្លូវលេខ២១ ក្រុងតាខ្មៅ និងបង្កការអាជ្ញាធរ សម្រេចផ្អាកមិនឱ្យមានការធ្វើដំណើរឆ្លងកាត់តំបន់ដែលលិច ដើម្បីសម្រួលចរាចរណ៍។
កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះជួយសម្រួលចរាចរណ៍ ត្រង់ផ្លូវលេខ២១ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ចាប់ពីរង្វង់មូលតាខ្មៅ។ គិតមកទល់ព្រឹក ទឹកមិនទាន់ស្រក់អស់នៅឡើយ ដោយតំបន់ខ្លះ នៅតែបន្តលិចនៅឡើយ។
យោងតាមការចែករំលែកនៅលើបណ្ដាញសង្គម ភ្លៀងបានបង្កឱ្យមានការបាក់ស្រុតដីមួយកន្លែង និងបណ្ដាលឱ្យមានការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី តាមផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។
ប្រជាពលរដ្ឋម្នាក់ បាននិយាយថា៖ “តំបន់ទំនាបក្នុងក្រុងតាខ្មៅ គឺរងការលិចលង់ទាំងស្រុង ទាំងផ្លូវជាតិដែលទាប និងផ្លូវបេតុង ក្នុងភូមិព្រែកសំរោង២-៣ លិចទាំងអស់ និងទឹកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើន”៕