ភ្នំពេញ៖ ទីបំផុតរឿង “ផ្ទះបាយស្នេហ៍” ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ បានបង្ហាញឱ្យដឹងពីមូលហេតុនាំឱ្យលោកគ្រូគា សម្រេចចិត្តលាឈប់ពីការងារហើយ។ ប៉ះលោកគ្រូគាដែលស្រលាញ់ ការពារអក្សរសាស្ត្រខ្មែរយ៉ាងនេះ ថែមទាំងមានចិត្តចង់ឱ្យសិស្សទាំងអស់ មានចំណេះវិជ្ជាច្បាស់លាស់ អាចសរសេរភាសាជាតិខ្មែរចេះស្ទាត់ សម្រាប់ប្រើប្រាស់នៅថ្ងៃអនាគតផងនោះ លោកគ្រូគា ក៏បានឱ្យសិស្សទាំងអស់គ្នា សរសេរអក្សរដោយដៃ មិនឱ្យប្រើប្រាស់កុំព្យូទ័រឡើយ តែសិស្សទាំងអស់ បានបំពានមិនស្តាប់បង្គាប់ ចុងក្រោយលោកគ្រូគា បានសម្រេចចិត្តឱ្យពួកគេធ្លាក់គ្រប់គ្នា។
ក្រោយពីក្រុមគ្រួសារដឹងការពិតថា លោកគ្រូគា បាត់បង់ការងារហើយ ទាំងម្តាយក្មេក និងភរិយាលោកបានរំអុកឱ្យលោកទៅស្វែងរកការងារថ្មី ដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ចៃដន្យក៏មានមិត្តភ័ក្តិម្នាក់ ណែនាំការងារថ្មីដែលត្រូវចំណូលចិត្តលោកស្រាប់ ប៉ុន្តែមិនដឹងថា ពាក្យដែលលោកគ្រូគា ប្រាប់ភរិយាថានឹងទៅជួបមិត្តភ័ក្តិដើម្បីពិភាក្សាការងារថ្មីគ្រាន់ជាលេស ឬ ជាការពិតនោះទេ។ ចង់ដឹងកាន់តែច្បាស់កុំភ្លេចតាមដានទស្សនារឿង “ផ្ទះបាយស្នេហ៍” ទាំងអស់គ្នានៅ CTN វេលាម៉ោង ៨-៩ យប់រៀងរាល់ថ្ងៃអាទិត្យទាំងអស់គ្នា៕