×

អបអរសាទរ! សាលារៀន​ចំនួន៦ ជាប់ជ័យលាភី​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា​ឆ្នាំ២០២១

សាលាបឋមសិក្សាចំនួន ៣ និងមធ្យមសិក្សាចំនួន ៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១។ ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀត ដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ។

សាលាជ័យលាភីទាំង ៦ រួមមាន សម្រាប់កម្រិតបឋមសិក្សា ១-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២-សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា ១-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ បានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាននៅឆ្នាំ ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេត្រីបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង លើកទី៣។

លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១- មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២- មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣- មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤- មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង