×

ស្លា ប់យ៉ាងតិច ៤១នាក់ ក្រោយ​អគ្គិភ័យ​ឆាបឆេះ​ពន្ធនាគារ នៅ​ឥណ្ឌូណេស៊ី

ហ្សាកាតា៖ មន្ត្រីឥណ្ឌូណេស៊ីម្នាក់បាននិយាយថា អគ្គិភ័យបានឆាបឆេះអគារមួយដែលមានអ្នកទោសណែនណាន់តាន់តាប់ នៅក្នុងពន្ធគារដែលស្ថិតនៅខេត្តបានតេន (Banten) កាលពីព្រឹកព្រលឹមថ្ងៃពុធនេះ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤១នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារឥណ្ឌូណេស៊ី បាននិយាយថា អគ្គិភ័យដែលបានឆាបឆេះឡើងនៅចន្លោះម៉ោង១ទៅម៉ោង២យប់នៅអគារ C ក្នុងពន្ធនាគារ តាំងហ្គឺរ៉ាំង (Tangerang) នោះត្រូវបានពន្លត់ទាំងស្រុងហើយ។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ “អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យអគ្គិភ័យនេះកើតឡើង” ខណៈដែលប៉ូលិស បានដាក់ការសង្ស័យឋមមថាបណ្តលមកពីឆ្លងចរន្តអគ្គិសនី។ អគារCគឺជាកន្លែងដាក់អ្នកទោសដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងអាចដាក់មនុស្សបានចំនួន ១២២នាក់ ប៉ុន្តែលោកស្រី មិនបានឱ្យដឹងឡើយថា តើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅក្នុងអគារនោះ នៅពេលដែលអគ្គិភ័យកើតឡើង ដោយគ្រាន់តែបញ្ជាក់ថាមានមនុស្សណែនណាន់តាន់តាប់។

ទីភ្នាក់ងារព័ត៌មានមួយរាយការណ៍ថា ស្នងការប៉ូលិសក្រុងហ្សាការតាបាននិយាយថា អ្នកទោសចំនួន៤១នាក់ បានស្លាប់, ៨នាក់រងរបួសធ្ងន់ធ្ងរ និង៧២នាក់ទៀតរងរបួសស្រាល។

យោងតាមទិន្ន័យរបស់រដ្ឋាភិបាលគិតត្រឹមខែកញ្ញា ពន្ធនាគារដែលស្ថិតក្នុងទីក្រុង តាំងហ្គឺរ៉ាំង (Tangerang) នោះមានអ្នកទោសដល់ទៅជាង ២.០០០នាក់ ខណៈវាមានសមត្ថភាពដាក់ត្រឹមតែ៦០០នាក់ប៉ុណ្ណោះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង