×

បុរសម្នាក់ ចាប់ពង្រាត់​ទារិកា​ដើម្បី​ថ្វាយ​អារុក្ខអារក្ខ​ព្រៃភ្នំ ចុងក្រោយ​មកសារភាព​ប្រាប់​សមត្ថកិច្ចថៃ

ឈៀងម៉ៃ៖ ទារិកាម្នាក់ ដែលបាត់ខ្លួនពីផ្ទះរបស់នាង នៅក្នុងភូមិដាច់ស្រយាលមួយ ត្រូវបានគេរកឃើញ នៅក្នុងខ្ទមមួយ ដែលនាងត្រូវជនចាប់ពង្រាត់ បោះបង់ចោល ដើម្បីជាការថ្វាយដល់អារុក្ខអារក្ខនៃព្រៃភ្នំ។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញទារិកាឈ្មោះ ភ័ណ្ឌស្រី វ៉ុងស៊ីឡារ៉ុង អាយុ ២៣ខែ នៅព្រឹកថ្ងៃពុធ ចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីផ្ទះរបស់នាង។ ពួកគេត្រូវបាននាំទៅកាន់ល្អាងភ្នំ ដោយបុរសម្នាក់ ដែលបានសារភាពនៅព្រឹកថ្ងៃពុធ ទី៨ ខែកញ្ញានេះ ថា គាត់បានចាប់ពង្រាត់ទារិការូបនេះ កាលពីយប់ថ្ងៃអាទិត្យ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ម្តាយរបស់ទារិកា បានបញ្ជាក់ថា នាងត្រូវបានគេរកឃើញនៅរស់ និងមានសុវត្ថិភាព នៅក្នុងខ្ទមដែលគេបោះបង់ចោលនៅក្នុងចម្ការចេក។

ស្នងការនគរបាលខេត្តឈៀងម៉ៃ បាននិយាយនៅព្រឹកថ្ងៃពុធនេះ ថា បុរសរូបនេះបានបង្ហាញផ្លូវដល់ក្រុមអ្នកជួយសង្គ្រោះទៅកាន់ល្អាងភ្នំដែលខ្លួនបានលាក់ក្មេងស្រីតូចរូបនោះ។

ការបាត់ខ្លួនរបស់ក្មេងស្រីតូចម្នាក់នេះ បានបង្កឱ្យមានការឆែកឆេរតាមផ្ទះនៅស្រុក Mae Taeng ។ ជនសង្ស័យ ឈ្មោះ Siew អាយុ ៤៤ ឆ្នាំ ជាជនជាតិមីយ៉ាន់ម៉ា និងជាមិត្តភ័ក្តិរបស់ឪពុកក្មេងស្រី។

ឈ្មោះ Siew បានសារភាពថា គាត់បានយកក្មេងស្រីនេះ ចេញពីភូមិ ហើយបោះបង់នាងចោលនៅមុខល្អាងភ្នំចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីភូមិ ដើម្បីជាការថ្វាយចំពោះអារុក្ខអារក្ខព្រៃភ្នំ។

គួររំឭកថា មានការស៊ើបអង្កេតរុករកទារិកាខាងលើ រយៈពេលពីរថ្ងៃមកហើយ។ អ្នកចាប់ពង្រាត់ បានសារភាពបន្តថា គាត់មិនបានសម្លាប់ក្មេងស្រីនេះទេ ដោយគ្រាន់តែទុកនាងនៅមុខល្អាងភ្នំ ហើយត្រឡប់មកភូមិវិញ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង