×

ប្រជាពលរដ្ឋ ដែលបាន​ចាក់វ៉ាក់សាំង​កូវីសែល អាចចាក់​វ៉ាក់សាំង​ដូសទី៣ ជាប្រភេទ AstraZeneca បាន

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងថា ប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងកូវីសែ(COVISHIELD) ដូសទី២រួចហើយ អាចទៅចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ ប្រភេទ AstraZeneca បាននៅទីតាំងមួយចំនួនដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរួចហើយ។

លោកស្រី រដ្ឋលេខាធិការសង្កត់ធ្ងន់ថា មិនថាជាមន្ត្រីជាន់ខ្ពស់ ឬជាអ្នកណានោះទេ ឱ្យតែបានចាក់វ៉ាក់សាំងកវីដ១៩ ប្រភេទ COVISHIELD នាពេលកន្លងមក គឺអាចចាក់វ៉ាក់សាំង AstraZeneca បានដូចគ្នាទាំងអស់។ លោកស្រីបន្តថា ប្រសិនបើប្រពន្ធ បានចាក់វ៉ាក់សាំង COVISHIELD ចំណែកប្តីចាក់ដូសទី១និងទី២ ប្រភេទ Sinovac គឺអាចនាំប្តីប្រពន្ធទៅចាក់វ៉ាក់សាំងដូសជំរុញ ជាប្រភេទប្រភេទ AstraZeneca ដូចគ្នាដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានភ្នំពេញ បានបញ្ជាក់ថា មុនពេលអញ្ជើញទៅទទួលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត ត្រូវប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬ អញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅតាមទីតាំងយកសំណាក របស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។

លោកស្រីបន្តថា ក្នុងអំឡុងពេល អញ្ជើញមកទទួលវ៉ាក់សាំង ប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង