×

រថយន្ត​លិចទឹក​នៅ​អាមេរិក នឹងអាច​ហូរចូល​ទៅកាន់​ទីផ្សារ​លក់ឡាន​មួយទឹក

សហរដ្ឋអាមេរិក៖ អ្នកជំនាញអាមេរិក បានផ្ដល់ដំបូន្មានថា អ្នកណាដែលគិតគូរពីការទិញរថយន្តប្រើក្នុងពេលប៉ុន្មានខែខាងមុខនេះ ប្រហែលជាត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត។ រថយន្តរាប់ពាន់គ្រឿង ត្រូវបានបំផ្លិចបំផ្លាញ ដោយសារទឹកជំនន់បង្កឡើងដោយសារព្យុះសង្ឃរា អ៊ីដា (Ida) នៅសហរដ្ឋអាមេរិក។

រថយន្តដែលមានការខូចខាតដោយសារទឹកជំនន់ ទំនងជាត្រូវលក់ទៅកាន់អតិថិជនដែលមិនបានដឹង។ លោក Tully Lehman អ្នកគ្រប់គ្រងកិច្ចការសាធារណៈនៃការិយាល័យឧក្រិដ្ឋកម្មធានារ៉ាប់រងជាតិអាមេរិក បានឱ្យដឹងថា៖ “ ជាអកុសល បន្ទាប់ពីព្យុះសង្ឃរាធំៗ ឬព្រឹត្តិការណ៍ទឹកជំនន់ យើងឃើញជនឆបោក ព្យាយាមបោកប្រាស់អ្នកប្រើប្រាស់ ដោយលក់រថយន្តដែលខូចខាតដោយសារទឹកជំនន់។”

អ្នកទិញគួរតែពិនិត្យមើលប្រវត្តិយានយន្តមួយទឹក។ រថយន្តដែលលិចទឹក តែងតែត្រូវបានលក់នៅទីកន្លែងដែលឆ្ងាយពីកន្លែងដែលពួកវាបានខូចខាត។

យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Carfax នៅអាមេរិក លោក Chris Basso បានឱ្យដឹងថា រថយន្តដែលរងការខូចខាតដោយទឹកជំនន់ប្រមាណ ៣៧៨.០០០ គ្រឿង កំពុងចរាចរណ៍តាមដងផ្លូវ មុនព្យុះអ៊ីដា បានមកដល់ទៅទៀត។

ទឹកជំនន់អាចបំផ្លាញប្រ័ពន្ធអេឡិចត្រូនិច ប្រេងរំអិល និងប្រព័ន្ធមេកានិច នៅក្នុងយានយន្ត។ នេះយោងតាមរបាយការណ៍របស់ ConsumerReports។

សូមជម្រាបថា ព្យុះអ៊ីដា បានបក់បោកចូលរដ្ឋ Louisiana កាលពីថ្ងៃទី២៩ ខែសីហា ហើយបានឆ្លងកាត់ភាគឦសានសហរដ្ឋអាមេរិក៕

 

ប្រភព៖ CNBC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង