×

លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស ឱ្យបំពេញមុខងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ឡុង ឌីម៉ង់ ដែលត្រូវបានចប់អាណត្តិការងារ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកស្រី ជ្រឹង បុទុមរង្សី បានសរសេរថា “ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំអរព្រះគុណ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាននូវមុខងារជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដល់ខ្ញុំម្ចាស់។”

លោកស្រី ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត ក្នុងការចេញទៅបំពេញបេសកកម្មដើម្បីបម្រើដល់ផលប្រយោជន៍ជូនជាតិ និងមាតុភូមិ និងថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងដំបូន្មានដល់មន្រ្តីគ្រប់ជាន់ថ្នាក់ ជាពិសេសបានផ្តល់ភាពជឿទុកចិត្ត និងឱកាសឱ្យលោកស្រី បានបំពេញតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីទទួលបាននូវបទពិសោធន៍ និងការរីកចម្រើនបន្ថែមក្នុងតួនាទីថ្មីនេះ។

លោកស្រី ជ្រឹង បុទុមរង្សី បានអះអាងថា នឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង