×

រ៉ែមាស​នៅ​តំបន់​សំពៅលូន ក្នុងស្រុកមេមត់ នឹង​ចាប់ផ្តើម​បន្តរុករក ដោយ ក្រុមហ៊ុន​មកពី​ប្រទេសអូស្ត្រាលី នាពេល​ឆាប់ៗនេះ

ត្បូងឃ្មុំ៖ ក្រសួងរ៉ែ និងថាមពល បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនរុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត មកពីប្រទេសអូស្រ្តាលី ធ្វើការរុករករ៉ែមាស នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានជួបតំណាងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត និងស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំណុចណាមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនបានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែ ជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីពួកគាត់មានការងារធ្វើចៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង