×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

មន្ដ្រីនគរបាល​ខណ្ឌ៧មករា ដែល​វាយនារីម្នាក់​បែកក្បាល ត្រូវបានបញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់

ភ្នំពេញ៖ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលបានវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ពេលនេះត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់។ នេះបើយោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឱ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាលក្នុងការអនុវត្តច្បាប់ ក៏នឹងត្រូវចាត់វិធានការតាមច្បាប់ដូចគ្នាផងដែរ ពោលគឺ ភាគីទាំង២ ត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេបានប្រព្រឹត្តខុសច្បាប់ដូចគ្នា។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៨:២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សាមួយរវាងមន្ត្រីនគរបាលខណ្ឌ៧មករា បានវាយនារីម្នាក់ កំពុងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងករណីនេះ នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយចំក្បាលស្ត្រីម្នាក់កំពុងជិះពីក្រោយបណ្តាលឱ្យបែកក្បាលហូរឈាម និងធ្លាក់ពីលើម៉ូតូ។

ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានោះមានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ និងអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ចំណែកមន្ត្រីនគរបាលដែលបង្កហិង្សា មានឈ្មោះ ម៉ាត់ ពិសី។ ក្នុងករណីនេះ បង្កើតឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងស្នើឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌ បញ្ចៀសនូវការប្រើហិង្សា។ ទន្ទឹមនឹងនេះ ក៏មានស្នើឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ពីអ្នកបើកបរគ្រប់រូប ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ។

យោងតាមការបកស្រាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីហិង្សានេះ បានឱ្យដឹងថា មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ ក្នុងករណីនេះ បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង។ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង