ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបន្ទាប់ពីជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សម្តេចតេជោបានមានប្រសាសន៍ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសបន្ថែមទៀត ដែលមានចំនួនសរុប ៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន ៣លានដូសទៀត និងការចាក់កន្លងមកជិត ១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ។
ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦,៨ លានដូសហើយ។
សម្តេចតេជោ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានមានប្រសាសន៍ថា នៅខែតុលាខាងមុខនេះ កម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនទៅដល់ប្រជាជន ដើម្បីរក្សាភាពស៊ាំ នៅក្នុងសហគមន៍ ហើយនឹងបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញ៕