×

សូមប្រយ័ត្ន! ក្រសួងសុខាភិបាល បាន​រកឃើញ​ថា ករណីផ្ទុះ​ជំងឺ​កូវីដ១៩ ភាគច្រើន​បានកើតឡើង​នៅ​ទីផ្សារ​លក់ដូរ និង​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញានេះ បានបន្តចេញសារអំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ខណៈតួលេខនៃការឆ្លងលើពិភពលោក ជាពិសេសប្រទេសក្បែរខាងកម្ពុជា នៅតែមានខ្ពស់។

ក្រសួងសុខាភិបាល បានលើកឡើងថា ស្ថានភាព នៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្តាប្រទេសលើសកលលោក និងក្នុងតំបន់ មិនទាន់មានការធូរស្បើយនៅឡើយ។ ជាក់ស្តែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០លាន ៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៤លាន ៥៦៥ពាន់ ៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្តាប្រទេសដែលមានភូមិផងរបងជាប់យើងវិញ ក៏នៅតែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។

ចំណែកព្រះរាជាណាចក្រកម្ពុជាយើង ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។

ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាចំនួនករណី ជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះ ក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគ ជាដើម។
អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាម បែបគន្លងប្រក្រតីភាពថ្មី ក្រសួង សុខាភិបាលសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំមានអារម្មណ៍ ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែលបានទទួលនោះ ពីព្រោះតាមរយៈអង្គការ សុខភាពពិភពលោកដែលបានចុះផ្សាយ៖ “វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការ ចម្លងវីរុស វីដ-១៩ បានខ្ជាប់ខ្ជួនទេនោះ”។

ជាមួយគ្នានេះ ភស្តុតាងពីបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ ក៏ទទួលស្គាល់ដែរថា វ៉ាក់សាំងមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដោយបង្ការបុគ្គលមិនឲ្យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺនេះ ទោះបីជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រួចហើយក៏ដោយ ក៏ បុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ចូលក្នុងខ្លួន គ្រួសារ និងសហគមន៍។

លើសពីនេះទៀត បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ក៏បាននឹងកំពុងទទួលស្គាល់ថា វីរុសកូវីដ-១៩ បន្តបំប្លែងខ្លួនជា ច្រើនបែបច្រើនយ៉ាង តួយ៉ាងដូចជា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងលឿននៅ បណ្តាប្រទេសជាង១៣០ប្រទេស រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលមានចំនួនករណីជំងឺកូវីដ-១៩ បង្កដោយវីរុស បំប្លែងថ្មីប្រភេទ “ដែលតា” នេះ មានការកើនឡើងជារៀងរាល់ថ្ងៃដែលគួរឱ្យមានការព្រួយបារម្ភជាខ្លាំង៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង