×

រាជរដ្ឋាភិបាល បន្តបើកប្រាក់​ឧបត្ថម្ភ​ជូនបងប្អូន​កម្មករ​និយោជិត ៣៣៩៨នាក់ ដែល​បាន​ព្យួរ​ការងារ​ដោយសារ​ការរាលដាល​នៃ​ជំងឺកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តបើកប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករនិយោជិតសរុប ៣.៣៩៨នាក់ នៅរោងចក្រសហគ្រាសចំនួន៤២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារដោយសារជំងឺកូវីដ១៩។ នេះបើតាមយោងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៦៩ ចុះថ្ងៃទី១៣ ខែកញ្ញានេះ។

ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាល ធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរសព្ទដៃរបស់កម្មករនិយោជិត ដែលបានផ្តល់ឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាសនាពេលកន្លងមក។

គួរបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន ១២១.៥០០រៀល ស្មើនឹង ៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល១១ថ្ងៃដល់២០ថ្ងៃ និង ១៦២.០០០រៀល ស្មើនឹង ៤០ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេល ២១ថ្ងៃ ដល់ ១ខែ។
សម្រាប់បងប្អូនកម្មករនិយោជិតដែលព្យួរ ២ខែប្រាក់ឧបត្ថម្ភត្រូវបើក២លើកដែលលើកទី២ ត្រូវបើកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងបានរំឭកថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពី ធនាគារវីង ដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះ គឺមិនតម្រូវឱ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៤២នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារវីង ត្រូវធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង