ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។
ក្រសួងអប់រំ បញ្ជាក់ថា ក្នុងករណីបុគ្គលិកអប់រំ និងអ្នកសិក្សាមិនបានចាក់វ៉ាក់សាំងកូវីដ១៩ មិនគួរអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំទេ ប៉ុន្តែអាចបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញបាន ខណៈអ្នកសិក្សា ឬបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើនគួរអនុញ្ញតឱ្យរៀន និងបង្រៀនតាមអនឡាញ។
ទាក់ទងទៅនឹងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមក្នុងវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅពេលបើកសាលារៀនឡើងវិញនេះដែរ ក្រសួងអប់រំ ក៏បានធ្វើការណែនាំឱ្យអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកអប់រំត្រូវយកចិត្តទុកដាក់លើបញ្ហាចំណីអាហារ ដោយទាំងអ្នកសិក្សា និងបុគ្គលិកអប់រំ គួរយកចំណីអាហារ និងទឹកពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាននៅតាមសាលា និងមិនត្រូវម្ហូបអាហារគ្នា ឬក៏អង្គុយជិតគ្នាទេពេលបរិភោគ ដើម្បីអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព។
សូមជម្រាបថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលខេត្តនីមួយៗ អាចបើកដំណើរការចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ៕
អត្ថបទ៖ គិន ច័ន្ទពុទ្ធិ