×

ព្យុះសង្ឃរា​១ទៀត គំរាមកំហែង​រដ្ឋតិចសាស អាចនាំមក​នូវ​ភ្លៀងធ្លាក់ខ្លាំង និង​ទឹកជំនន់

សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌលតាមដានព្យុះជាតិរបស់អាមេរិក បាននិយាយនៅល្ងាចថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ព្យុះសង្ឃរា នីកូឡាស (Nicholas) កំពុងគំរាមកំហែង និងនាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងមកលើផ្នែកខ្លះនៃឆ្នេរសមុទ្រ រដ្ឋតិចសាស។

ព្យុះសង្ឃរា នីកូឡាស ដែលមានល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប្រហែល ៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Matagorda រដ្ឋតិចសាស និង ៧០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Freeport រដ្ឋតិចសាស ។ មជ្ឈមណ្ឌលខាងលើ បានប្រកាសដូច្នេះ នៅម៉ោង ១១ យប់ ថ្ងៃចន្ទ។

ការព្រមានបានឱ្យដឹងថា៖ “យោងតាមការព្យាករ ព្យុះនីកូឡា ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការបាក់ដី នៅតាមបណ្តោយឆ្នេរសមុទ្រតិចសាស ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត ដោយរំកិលខ្លួនមកលើរដ្ឋតិចសាស ភាគអាគ្នេយ៍ នៅថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ និងនៅភាគនិរតីរដ្ឋ Louisiana នៅថ្ងៃពុធ។”

មជ្ឈមណ្ឌលនេះ បានព្រមានថា ព្យុះនីកូឡាស អាចមានភ្លៀងធ្លាក់ចន្លោះពី ៦ ទៅ ១២ អ៊ីញ និងមានដល់ ១៨ អ៊ីញនៅតំបន់ខ្លះនៅទូទាំងឆ្នេរសមុទ្រតិចសាស។ “ជំនន់ទឹកភ្លៀង ដែលគំរាមកំហែងដល់អាយុជីវិត ជាពិសេសនៅតំបន់ទីប្រជុំជន អាចនឹងកើតមាននៅផ្នែកខ្លះនៃឆ្នេរឈូងសមុទ្រតិចសាសផ្នែកខាងលើ រហូតដល់ភាគនិរតីនៃរដ្ឋ Louisiana ។”

នីកូឡាស ជាព្យុះទី១៤ បានកកើតឡើងនៅឈូងសមុទ្រម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ ទី១២ ខែកញ្ញា។

សូមរំឭកថា មនុស្ស ១១៩.០០០ នាក់នៅទូទាំងរដ្ឋ Louisiana នៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយសារព្យុះសង្ឃរា អ៊ីដា (Ida) កាលពីចុងខែសីហា និងដើមខែកញ្ញានេះ។
មនុស្សសរុបចំនួន ៣១ នាក់បានស្លាប់ នៅរដ្ឋ Louisiana និង Mississippi ដោយសារព្យុះអ៊ីដា៕

 

 

ប្រភព៖ CNN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង