×

យុវតីខ្មែរ​រស់នៅ​អាមេរិក ស្ម័គ្រចិត្ត​ជួយ​ក្រុមបាល់ទះ​ឆ្នេរខ្សាច់​ជម្រើសជាតិ​កម្ពុជា នៅ​ស៊ីហ្គេម២០២៣

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងថា យុវតី Brittany Melirachana Soun (ប៊្រីតថានី មេលីរចនា សួន) ដែលកើតលើទឹកដីសហរដ្ឋអាមេរិក មានឪពុកម្ដាយជា ខ្មែរបានស្ម័គ្រចិត្ត ជួយក្រុមបាល់ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ជាពិសេសគឺក្នុងការត្រៀមខ្លួនពេលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

ប៊្រីតថានី មេលីរចនា សួន មានអាយុ ១៦ឆ្នាំ កម្ពស់ ១ម៉ែត្រ៨០ ទម្ងន់៥៨គីឡូក្រាម ជាកីឡាការិនីនៃក្រុមបាល់ទះក្នុងសាល វិទ្យាល័យ Varisity Campolindo និងក្រុមបាល់ទះឆ្នេរខ្សាច់ក្នុងក្រុម Kleos Beach Volleyball Club, Elite Development Program 1 ។

យុវតីខ្មែររូបនេះ ធ្លាប់ឈ្នះពានរង្វាន់មួយចំនួន នៅឯសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ និង ២០២១ (រួមមាន 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist, 2019 California Interscholastic Federation Northern Regional Champion Division 1, 2019 California State Champion Finalist Divison 1, 2019 Campolindo High School JV Coaches Award)។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបើកចំហរដល់កូនខ្មែរ ដែលមានសមត្ថភាពទាំងក្នុង និងក្រៅប្រទេស មកជួយដល់ក្រុមជម្រើសជាតិ មិនថាបាល់ទះក្នុងសាល ឬបាល់ទះឆ្នេរខ្សាច់នោះទេ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង