×

ខេត្តកំពត នឹង​បើកឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ​ជា​ផ្លូវការ នៅថ្ងៃទី២០ ខែកញ្ញា

កំពត៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត លោក តាក់ ហាប់ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត បាន ពិភាក្សាស្វែងរកលទ្ធភាពក្នុងការបើកឱ្យដំណើរការសាលារៀនឡើងវិញ ក្រោយពីទទួលបានរបាយការណ៍ ក៏ដូចជាការឆ្លងមតិយោបល់ពីអាជ្ញាធរក្រុង-ស្រុក និងតាមបណ្តាឃុំ-សង្កាត់គ្រប់មូលដ្ឋាន ព្រមទាំងលោកគ្រូអ្នកគ្រូផងនោះ មន្ទីរបានដាក់សំណើរទៅក្រសួងអប់រំរួចហើយ ដើម្បីសុំគោលការណ៍បើកសាលារៀនឱ្យដំណើរការឡើងវិញ ជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោកប្រធានមន្ទីរ បានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញា ថា វិសាលភាពនៃការបើកឱ្យដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើទៅតាមស្ថានភាពតំបន់ ឬស្ថានភាពមូលដ្ឋាននៃសាលារៀននីមួយៗ ដោយមន្ទីរ បានគ្រោងបែងចែកជាបីប្រភេទ ១. ការបើកឱ្យសិស្សមកចូលរៀននៅសាលាតាមធម្មតាឡើងវិញ ២. ការបើកឱ្យសិស្សមកជួបជុំរៀនជាបណ្តុំតូចៗ និង ៣. ការបើកឱ្យសិស្សចងក្រងជាក្រុមសិក្សាតាមប្រព័ន្ធអនឡាញជាមួយគ្រូ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ បានផ្តោតការយកចិត្តទុកដាក់សំខាន់បំផុតលើ សិស្សានុសិស្សរៀនថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡង។ ដូច្នេះ មន្ទីរនឹងផ្តល់អាទិភាពដល់ក្រុមសិស្សទាំងពីរក្រុមនេះ ឱ្យបានមកចូលរៀននៅសាលាមុនគេ។

ទោះយ៉ាងនេះក៏ដោយ លោក តាក់ ហាប់ បានបញ្ជាក់អំពីតំបន់ប្រឈមក្នុងការបើកសាលារៀនឡើងវិញ ក្នុងនោះមានដូចជាសាលានៅតាមក្រុងកំពត ក្រុងបូកគោ (ដោយសារមានភ្ញៀវទេសចរចេញចូលច្រើន ធ្វើឱ្យករណីឆ្លងកូវីដ-១៩នៅបន្តកើតមានហូរហែរមិនដាច់), តំបន់នៅជាប់ព្រំប្រទល់ខេត្តតាកែវ ពិសេសស្រុកអង្គរជ័យ និងស្រុកឈូក ដែលជាប់នឹងផ្សារត្រាំកក់ ដែលបាននិងកំពុងផ្ទុះជំងឺកូវីដ១៩ ប្រភេទដែលតា។ ក្នុងករណីនេះភាគីពាក់ព័ន្ធទាំងអស់ បាននិងកំពុងពិចារណាលើបញ្ហាបើកសាលានៅតាមតំបន់ដែលប្រឈមនេះ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ ក៏បានសង្កត់ធ្ងន់ថា ការបើកឱ្យសាលារៀនឱ្យដំណើរការឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មិនលើកពេលទៀតទេ ហើយការបើកនឹងធ្វើទៅតាមស្ថានភាពជាក់ស្តែង បើសាលារៀនណាប្រឈមខ្លាំង អាចនឹងធ្វើការបិទសាជាថ្មី៕

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង