ត្បូងឃ្មុំ៖ ក្រោយទទួលបានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ ប៉ុន្តែមានសាលាចំនួន ៥២ នៅក្នុងខេត្តនេះ នៅមិនទាន់អាចបើកឱ្យដំណើរការបាននៅឡើយទេ ដោយសារស្ថានភាពជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់ធូរស្រាល។ នេះបើយោងតាមការបញ្ជាក់ពី លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
លោក អ៊ិន ពៅសម្បត្តិ បានបញ្ជាក់ថា មកដល់ថ្ងៃនេះនៅទូទាំងខេត្តត្បូងឃ្មុំ មានសាលាចំនួន ៤៤៩ហើយ ដែលបានបើកឱ្យដំណើការ បូកទាំងសាលារដ្ឋ និងឯកជន តែដោយបញ្ហាជំងឺកូវីដ១៩ មិនទាន់បានធូរស្រាល មានសាលាចំនួន ១៨ ត្រូវបានស្នើសុំផ្អាកវិញ ព្រោះក្នុងសហគមន៍របស់ពួកគាត់មានករណីផ្ទុះជំងឺកូវីដ១៩។ មកដល់ពេលនេះនៅមានសាលាមួយចំនួនទៀត មិនទាន់បានបើកដំណើរការទូលំទូលាយនៅឡើយទេ ហើយការរៀននេះត្រូវយកមេរៀនដែលក្រសួងបំព្រួញ ពិសេសមេរៀនសំខាន់ៗត្រៀមប្រឡង សម្រាប់សិស្សថ្នាក់ទី៩ និងទី ១២ ។ ដោយសារការរៀននេះជាលក្ខណៈបណ្តំ ដូច្នេះមិនពេញតាមម៉ោងនោះទេ ដោយ១ក្រុមៗយ៉ាងច្រើនមានសិស្ស ១៥នាក់ និងត្រូវជួបគ្រូ ២ ឬ ៣ ម៉ោងប៉ុណ្ណោះ ព្រោះការរៀនបណ្តំនេះ សិស្ស និងគ្រូអាចរៀនតាមផ្ទះក៏បាន។
ទន្ទឹមនឹងការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរ ក្រុងស្រុក ក៏បានស្នើដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទើបវិលត្រឡប់ចូលមូលដ្ឋានក្រុងស្រុក វិញ ដើម្បីបង្រៀន និងរៀន ត្រូវឡើងបញ្ជីឈ្មោះទៅរដ្ឋបាលក្រុងស្រុក ដោយណែនាំឱ្យទៅយកសំណាក មុនចូលរៀន និងចូលបង្រៀន។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលគ្មានបណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក៏ត្រូវរៀបចំបញ្ជីឈ្មោះ និងបញ្ជាក់ពីមូលហេតុដែលមិនបានចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ដើម្បីឱ្យគណៈកម្មការសាលារៀន និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួល ដើម្បីបានចូលបង្រៀន និងរៀននៅក្នុងសាលា៕
ដោយ៖ ជឹង សេងឡុង