×

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែឧសភានេះ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាពប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានចំនួន ៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះ បានជួបប្រទះនូវបញ្ហារអាក់រអួល។
ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា កំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះ ត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជា បាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាននៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ាន បានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ាន បានរឹតបន្ដឹងការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង មួយឆ្នាំកន្លង ទៅ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយ លើកសាងសមត្ថភាពថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយ មានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី។
ដោយឡែក បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយចំណាយលើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវិដ-១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង